គ្រួសារកសិករមួយនៅស្រុកពួក បរិច្ចាគដីមួយប្លង់ជូនវត្តដើម្បីសាងសង់សាលា

សៀមរាប៖ ខ្ញុំសប្បាយចិត្តខ្លាំងរកអ្វីប្រៀបផ្ទឹមមិនបានទេ និយាយទៅរំភើបជាងរើសបានមាសមួយក្រឡទៅទៀត។ [យើង] បានជួយសង្គមផង បានជួយក្មេងៗផង។ ខ្ញុំរំភើបពេករហូតដល់យំ ហើយដេកមិនលក់ទេ។ នេះជាសម្តីរបស់កសិករវ័យ​ ៥៥ឆ្នាំ​ លោក ឈួន ផានី ដែលបានបរិច្ចាគដីទំហំ ៣០០០ ម៉ែត្រការ៉េដើម្បីសង់សាលាបឋមសិក្សាសម្រាប់សិស្សកំពុងខ្វះខាតថ្នាក់រៀន។

ជាកសិករដែលមានជីវភាពសមរម្យមួយរស់នៅក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លោក ឈួន ផានី និងភរិយាបានសម្រេចបរិច្ចាគដីផ្ទាល់ខ្លួនមួយកន្លែងដែលមានទទឹង ៥០ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ជូនទៅវត្តមុនីរង្សីគោកខ្ពស់ ដើម្បីធ្វើជាទីតាំងសម្រាប់សាងសង់សាលាបឋមសិក្សាគោកខ្ពស់។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រោយពីបានបរិច្ចាគដីជូនវត្តសម្រាប់សង់សាលារៀនរួចរាល់ លោក ឈួន ផានី បានរៀបរាប់ខ្លីៗ ម៉ាត់ៗថា លោកផ្ទាល់ពិតជារំភើប និងត្រេកអរខ្លាំងពិបាកបរិយាយពីអារម្មណ៍ ហើយសម្រាន្តមិនលក់ទៀតពេលយប់ទៀត។

ដោយមិនទម្លាប់និយាយទូរស័ព្ទ លោក ផានី មិនអាចនិយាយរៀបរាប់បានលម្អិតជាងនេះ ឆ្លើយតបសំណួរអ្នកសារព័ត៌មានថ្មីៗឡើយ។ ដូច្នេះហើយ អ្នកសារព័ត៌មានយើង បានបន្តសន្ទនាជាមួយ លោកស្រី ជា គឹមហាន់ ដែលជាភរិយារបស់លោក ផានី វិញម្តង។

លោក​​ ឈួន ផានី កំពុងស្ថិតនៅលើដីដែលគ្រួសារលោកបរិច្ចាគសម្រាប់សង់សាលារៀន។
ទាក់ទិននឹងហេតុផលនៅពីក្រោយការសម្រេចបរិច្ចាគដីនេះ លោកស្រី គឹម ហាន់ បានពន្យល់ថា ស្វាមីលោកស្រីមានបំណង​ធ្វើបុណ្យ តាមរយៈការប្រគេនដីជូនវត្ត សម្រាប់សង់សាលារៀន ដ្បិតថាទាំង លោកស្រី និងស្វាមីផ្ទាល់ សុទ្ធតែធ្លាប់ឆ្លងកាត់ជីវភាពលំបាកខ្លាំងកន្លងមក។

លោកស្រីថ្លែងដូច្នេះ៖ទាំងខ្ញុំ ទាំងគាត់មានប្រវត្តិធ្លាប់លំបាកពីក្មេងដូចគ្នា។ ធ្វើស្រែបាន[លុយ] បន្តិចបន្តួចទិញដីទុកខ្លះ ហើយគាត់ពិគ្រេាះជាមួយខ្ញុំថា អាយុជាង ៥០ឆ្នាំទៅហើយ មិនដឹងបានអីធ្វើបុណ្យទេ។ គាត់គិតៗទៅ សាលាអត់មានដីធ្វើស្រាប់ គាត់ក៏ចង់បរិច្ចាគដីនោះឲ្យវត្ត សម្រាប់ធ្វើសាលាដែលកំពុងខ្វះខាតតែម្តង។

ចំណែកខ្ញុំក៏មិនជំទាស់អ្វីដែរ តាមតែគាត់ ហើយយើងព្រមព្រៀងឯកភាពគ្នាបរិច្ចាគដីនេះ។ ខ្ញុំពិគ្រេាះជាមួយកូនដែរ ហើយកូនថា ឲ្យតែម៉ែ និងពុកសប្បាយចិត្ត ធ្វើម៉េចក៏ធ្វើចុះ។ ដូច្នេះយើងបរិច្ចាគជូនលោក ដើម្បីចាត់ចែងសាងសង់សាលា។

ស្ត្រីមានវ័យ ៤៥ ឆ្នាំរូបនេះបន្តថា ការខ្វះខាតថ្នាក់រៀនសមរម្យរបស់ក្មេងៗក្នុងភូមិ ក៏ជាកម្លាំងចិត្តបន្ថែមឲ្យលោកស្រី និងស្វាមីបរិច្ចាគដីនេះផងដែរ។

ប្តីខ្ញុំគាត់អាណិតក្មេងៗ ដែលគ្នាខ្វះខាតថ្នាក់រៀន។ សាលាក្នុងបរិវេណវត្ត មានប្រាំបន្ទប់ សាងសង់យូរមកហើយ ហើយសិស្សត្រូវការប្រាំពីរបន្ទប់ឯណោះ ទើបរៀនគ្រប់គ្នា។ ដូច្នេះហើយសិស្សត្រូវរៀនក្រោមកុដលោក ឬសាលាធម្មផង។ លោកស្រី គឹមហាន់ថ្លែងដូច្នេះ។

ក្រៅពីខ្វះខាតថ្នាក់រៀន លោកស្រី ក៏សង្កេតឃើញថា សិស្សានុសិស្សទាំងនោះ ក៏មិនបានទទួលការឧបត្ថម្ភគាំទ្រច្រើនដូចសាលាដទៃទេ ដ្បិតថាទីតាំងសាលា ស្ថិតនៅក្នុងវត្ត ខណៈដែលអង្គការ ឬសប្បុរសជនច្រើនដែរជា គ្រឹស្តសាសនិក។

សាលាបឋមសិក្សាគោកខ្ពស់ តាមពិតទៅ ត្រូវបានសង់សង់ឡើងតាំងពីឆ្នាំ ១៩៩៦ ក្រោមជំនួយឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសាលានេះ មិនមានទីតាំងច្បាស់លាស់ឡើយ ពោលគឺស្ថិតនៅបញ្ញើក្នុងបរិវេណវត្តប៉ុណ្ណោះ។ នេះបើតាមសង្ឃដីកា ព្រះចៅអធិការវត្តមុនីរង្សីគោកខ្ពស់ ព្រះតេជគុណ ពៅ ចិនដារ៉ា។

ព្រះតេជគុណ​​ ពៅ ចិនដារ៉ា ចៅអធិការវត្តមុនីរង្សីគោកខ្ពស់ ស្ថិតនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ព្រះតេជគុណ ចិនដារ៉ា មានសង្ឃដីកាបន្តថា មូលហេតុនេះហើយ ទើបរាល់បំណងចង់ពង្រីក ឬសាងសង់អាគារសិក្សាបន្ថែម ក្នុងបរិវេណវត្តមិនអាចធ្វើទៅបានឡើយ។ ដូច្នេះហើយព្រះតេជគុណអង្គនេះ ក៏បានផ្តួចផ្តើមគំនិតស្វែងរកជាវទីតាំងថ្មី ដើម្បីរៀបចំសាងសង់សាលារៀននេះវិញ ដើម្បីអនុញ្ញាតឲ្យមានការសាងសង់អាគារសិក្សាបន្ថែម និងមានការរៀបចំទីធ្លា សម្រាប់សិស្សបានស្រួលបួលជាងស្ថិតក្នុងបរិវេណវត្ត។

បើតាមព្រះតេជគុណអង្គនេះ ដីដែលក្រុមគ្រួសារលោក ផានី បរិច្ចាគជូនវត្តនោះ គឺស្ថិតនៅចម្ងាយប្រហែល មួយគីឡូម៉ែត្រប៉ុណ្ណោះ ពីទីតាំងសាលាចាស់ ដែលស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សីគោកខ្ពស់។

បើក្មេងៗមានអនាគតភ្លឺស្វាងល្អ បុណ្យយើងមិនបាត់ទៅណាទេ…

គាត់សប្បាយចិត្តណាស់ ហើយរំភើបរហូតដល់ហូរទឹកភ្នែក ហើយគាត់ថា គាត់ដេកមិនលក់ទៀត។ ខ្ញុំមិនសូវយល់ពីអារម្មណ៍គាត់ដែរ ប៉ុន្តែដឹងថាគាត់សប្បាយចិត្តខ្លាំង។ លោកស្រី គឹមហាន់ រៀបរាប់បែបនេះពេលនិយាយដល់អារម្មណ៍ស្វាមីខ្លួន។

ពេលសាកសួរថា តើលោកស្រី និងស្វាមី ធ្លាប់មានកូនចិត្តស្តាយដី ដែលខ្លួនបរិច្ចាគនេះ ឬយ៉ាងណា លោកស្រី គឹមហាន់ ឆ្លើយតបវិញដោយមិនបង្អែបង្អង់ថា គ្មានអ្វីដែលត្រូវស្រណោះ ឬស្តាយទេ ដ្បិតថាដីនេះ បានមកតាមកម្លាំងញើសឈាមប្តីប្រពន្ធលោកស្រីផ្ទាល់។

និយាយតាមត្រង់ ខ្ញុំគ្មានលុយឯណាច្រើនសល់ក្នុងផ្ទះទេ។ មានតែដីតិចតួចនេះឯង សម្រាប់ធ្វើស្រែ។ ប៉ុន្តែដីដែលបរិច្ចាគនេះ បានមកតាមកម្លាំងញើសឈាមយើងសុទ្ធសាធ។ បើជាដីកេរអាករ បានមកពីឪពុកម្តាយអី ក៏យើងមិនហ៊ានអារកាត់ដែរ។ លោកស្រី បញ្ជាក់ដូច្នេះ។

លោកស្រី គឹមហាន់ បន្តថា៖ ណាមួយ ដីនេះទិញយូរហើយ ហើយក៏មិនធំដែរ។ គេឲ្យថ្លៃដែរ និយាយតាមត្រង់។ ប៉ុន្តែខ្ញុំអត់ស្តាយទេ។ ខ្ញុំគិតថា បើសិនជាលុយ យើងរកបានតក់ៗតាមក្រោយ។ ប៉ុន្តែបើបុណ្យ មិនងាយធ្វើទេ។ យើងឃើញហើយ ក្មេងក្រីក្រ ដើរទៅរៀន ឆ្ងាយសាលា ហើយសាលាអត់ជញ្ជាំង ហើយបាក់បែក។ ម្យ៉ាងសាលាក្នុងវត្តនេះ មិនសូវមានអ្នកជួយទេ។

ដូច្នេះហើយ បើទៅមុខទៅ ក្មេងៗគាត់មានអនាគតភ្លឺស្វាង បុណ្យរបស់យើងមិនបាត់ទេ។

លោក ផានី និងលោកស្រី ជា គឹមហាន់ រួមជាមួយសមាជិកក្រុមគ្រួសារ។

សប្បុរសជនរូបនេះរំពឹងដែរថា នៅពេលដែលសាលារៀនថ្មីត្រូវបានសាងសង់រួចរាល់ ក្មេងៗក្នុងភូមិ នឹងអាចមានលទ្ធភាពរៀនសូត្ របានច្រើនជាងពេលដែលពួកគេរៀននៅសាលាស្ថិតក្នុងវត្ត ដោយសារមានសប្បុរសជនពីក្រៅ ដូចជាអង្គការជាដើមជួយគាំទ្របន្ថែម។

ខ្ញុំមានត្រឹមដីបន្តិចបន្តួចនេះជួយដល់សាលា ប៉ុន្តែខ្ញុំមិនមានធនធានអ្វីផ្សេងទៀត ជួយសាលាបន្តទៅមុខ ទេ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា សប្បុរសជនផ្សេងទៀត នឹងជួយដល់សាលានេះទៅមុខទៀត។

ដោយឡែក ព្រះតេជគុណ ចិនដារ៉ា ដែលជាអ្នកផ្តួចផ្តើមគំនិត រៀបចំស្វែងរកទីតាំងថ្មីសម្រាប់សាងសង់សាលា បង្ហាញអារម្មណ៍រំភើបខ្លាំង ដែលមានសប្បុរសជនដូចជា លោក ផានី ចេញមុខបរិច្ចាគដីផ្ទាល់ខ្លួន ដើម្បីជួយ​សម្រួលដល់ការសង់សង់សាលារៀន សម្រាប់ក្មេងៗនេះ។

ដើមឡើយ អាត្មារកជាវដីអ្នកភូមិអ្នកស្រុក ក្បែរវត្តនេះ តម្លៃល្មមអាចវត្តដោះស្រាយបាន។ ប៉ុន្តែដីជារួមមានតម្លៃថ្លៃ អាត្មាក៏ពិបាកដែរ។ ពេលបានដឹងដំណឹងថា មានអ្នកជួយបរិច្ចាគដីដូច្នេះ អាត្មាត្រេកអរ និងរំភើបរកអ្វីថ្លែងមិនចេញទេ។ ព្រះតេជគុណ ចិនដារ៉ា មានសង្ឃដីកាបែបនេះ។

សម្រាប់ចៅអធិការអង្គនេះ ការបរិច្ចាគដីផ្ទាល់ខ្លួននេះ ជាការលះបង់ធំធេងណាស់ ព្រោះវាមិនត្រឹមតែជួយសម្រួលក្តីលំបាករបស់វត្តច្រើនជាពិសេសផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាជាការវិនិយោគដ៏ធំធេង លើការការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សតាមទីជនបទ។

អាគារសិក្សានៃសាលាបឋមសិក្សាគោកខ្ពស់ ស្ថិតក្នុងបរិវេណវត្តមុនីរង្សី​គោកខ្ពស់។​

ទាក់ទិននឹងការបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនដល់សង្គមនេះដែរ ព្រះតេជគុណ ចិនដារ៉ា មានសង្ឃដីកាថា លោកចង់ឃើញប្រជាជនខ្មែរផ្សេងទៀត ចូលរួមបរិច្ចាគធនធានដែលមាន តាមសទ្ធាជ្រះថ្លារបស់ខ្លួន ដើម្បីជួយសង្គម។ ព្រះតេជគុណអង្គនេះ ក៏ចង់ឃើញពលរដ្ឋខ្មែរដទៃទៀត បន្តការបរិច្ចាគទ្រព្យធនតាមសទ្ធា និងលទ្ធភាព ពិសេសនៅកន្លែងផ្សេងៗទៀត ដែលកំពុងប្រឈមការខ្វះខាត។

សម្រាប់អាត្មា ក្នុងនាមជាខ្មែរ ការចូលរួមជួយសង្គម តិចក្តីច្រើនក្តី វាជាកម្លាំងចិត្តមួយ។ បើយើងអាចជួយដល់កន្លែងផ្សេងទៀត ដែលខ្វះខាតខ្លាំង រឹតតែល្អ។ សម្រាប់ជនរួមជាតិយើង ដែលមានធនធាន បើអាចមានលទ្ធភាពជួយសង្គម ជួយក្មេងៗបានក៏ជួយទៅ។ ព្រះតេជគុណ ចិនដារ៉ា បន្ថែមបែបនេះ។

មួយវិញទៀត បើយើង រវល់តែកសាងសមិទ្ធផលផ្សេងៗពេក ហើយយើងមិនរៀបចំថ្នាលបណ្តុះវិជ្ជា ដូចជាសាលារៀននេះ វាមិនកើតទេ ព្រោះថ្នាលមួយនេះសំខាន់ណាស់ សម្រាប់កូនខ្មែរ។ ពួកគេត្រូវមានសាលាសិក្សារៀនសូត្រត្រឹមត្រូវ។

បើតាមព្រះតេជគុណ ចិនដារ៉ា បច្ចុប្បន្ននេះ បន្ទាប់ពីមានទីតាំងសមរម្យហើយ គ្រួសារសប្បុរសជនមួយទៀត ដែលរស់ក្នុងទីរួមខេត្តសៀមរាប បានសន្យាចូលរួមសាងសង់អាគារសិក្សា សម្រាប់សាលាបឋមសិក្សាគោកខ្ពស់ចំនួនមួយខ្នងមាន ១០បន្ទប់រួចរាល់ហើយ។ គម្រោងសាងសង់សាលានេះ នឹងត្រូវរៀបចំឡើងឆាប់ៗ ដែលវាអាចនឹងក្លាយជាប្រយោជន៍សំខាន់ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស តាមទីជនបទនៅពេលខាងមុខ៕

error: Content is protected !!