អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ផឹកស្រវឹងបាញ់រថយន្ត២នាក់ប្តីប្រពន្ធ ៥គ្រាប់

ភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បុរសជើងខ្លាំងម្នាក់ចេញពីហាងផឹកស៊ីទាមអស្រវឹងជោគជាំ បានបើករថយន្តតាមផ្លូវ ក៏កើតមានជម្លោះជាមួយនឹងម្ចាស់រថយន្ត១គ្រឿងទៀត ជិះគ្នា២នាក់ប្តីប្រពន្ធ រហូតឈានដល់ការដកកាំភ្លើងបាញ់សំដៅរថយន្តជនរងគ្រោះចំនួន៥គ្រាប់ ទាំងនៅជាប់នឹងរបង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធភាគីរថយន្តរងគ្រាះតក់ស្លុត រហូតដល់សន្លប់បាត់ស្មារតី។ ហេតុការណ៍នេះកើតឡើង នៅតាមបណ្តោយផ្លូវលេខ៣៦៣ ស្ថិតនៅជាប់របងអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ភាគីម្ចាស់រថយន្តរងគ្រោះ មានឈ្មោះភូរិស្ស ស្តូរ៉ាន់ ហៅតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររកស៊ី មានប្រពន្ធឈ្មោះតាំង សុខឡី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកណាហ្គាវើល។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង មានឈ្មោះដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មានតួនាទីជាអនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ មានលំនៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន។


តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធទើបមកពីហូបអីនៅហាងសមុទ្រ១២៣ ម្តុំផ្សារដើមគរ គោលបំណងត្រឡប់ទៅផ្ទះវិញ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ពេលធ្វើដំណើតរតាមផ្លូវមកដល់មុខអតីតមជ្ឈមណ្ឌលកម្សាន្តរ៉ក់ គាត់បានឈប់រថយន្ត ព្រោះប្រពន្ធគាត់មិនស្រួលខ្លួនមួយភ្លែត ហើយក៏បើករថយន្តបន្តដំណើរទៅមុខទៀត ពេលនោះក៏មានរថយន្តម៉ាកឡិសស៊ីស RX-330 បានបើកតាមមកពីក្រោយ រួចបានចុចស៊ីផ្លេររហូត គាត់ឆ្ងល់ពេក ក៏បានឈប់ចុះដើរទៅសួរអ្នកម្ចាស់រថយន្តឡិចស៊ីស ស្រាប់តែបុរសម្នាក់ដែលជិះក្នុងរថយន្តជាមួយជនបង្ក បានដកកាំភ្លើងភ្លើង១ដើម មិនស្គាល់ម៉ាក ហើយក៏ខ្ទប់កាំភ្លើងរបស់។


បុរសរងគ្រោះ បន្តថា ពេលនោះគាត់ក៏បានដើរត្រឡប់មកកាន់រថយន្តវិញ រួចបើករថយន្តបន្តដំណើរទៅមុខទៀត ស្រាប់តែជនបង្កបានព្យាយាមបើករថយន្តដេញតាមរថយន្តរបស់គាត់រហូតមក ដោយបើករថយន្តប្រដេញតាមយ៉ាងប្រកិត និងព្យាយាមកាក់ជាច្រើនដង។ លុះពេលគាត់បើករថយន្តមកដល់ម្តុំក្បាលថ្នល់ ស្រាប់តែជនបង្កបានបើករថយន្តមកកាក់គាត់ឱ្យឈប់ បន្ទាប់មក ជនបង្កបានស្រែកថា “អញចាប់ហែង អញនឹងហៅគ្នាមកចាប់ហែងឱ្យបាន” បន្ទាប់មក គាត់បានបើករថយន្តមកដល់ ចំណុចចំហៀងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាប់តែជនបង្កបានចុះពីលើរថយន្ត រួចបានដកកាំភ្លើងខ្លីមួយដើមបាញ់ មកលើរថយន្តរបស់គាត់ ចំនួន៥គ្រាប់ ធ្វើឱ្យបែកកញ្ចក់រថយន្តខាងក្រោយ ចំណែកគ្រាប់កាំភ្លើងបានហោះក្បែរៗត្រចៀកគាត់ និងប្រពន្ធ ធ្វើឱ្យប្រពន្ធរបស់គាត់ភ័យតក់ស្លុត រហូតសន្លប់បាត់ស្មារតី។ ភ្លាមនោះ ជនបង្កបានបើករថយន្តចេញពីកន្លែងកើត ហេតុបាត់ ចំណែកគាត់បានព្យាយាមចុះហៅសមត្ថកិច្ចដែលនៅប្រចាំការក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឱ្យជួយអន្តរាគមន៍ ធ្វើឱ្យសមត្ថកិច្ចបានចេញមកច្រូងច្រាង ស្រាប់តែបន្តិចក្រោយមក បុរសជើងខ្លាំងរូបនោះត្រឡប់មកវិញ និងបានឈប់រថយន្តពីមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបត្រូវកម្លាំងសមត្ថកិច្ចធ្វើឃាត់ខ្លួនតែម្តង។