កសិករ​ថៃ​កើប​លុយ​ពី​ទឹកមាត់​ខ្យង ថ្លឹង​គីឡូ​លក់​ថ្លៃ​ជាងមាស​ទៀត

ខេត្តណាខនណាយុក ខ្យង​ជាច្រើន​ក្បាល​វា​រគើមៗ​លើ​ចាន​មាន​ចំណិត​ល្ពៅ និង​ត្រសក់​បាន​ក្លាយ​ជា​អ្នក​ផលិត​គ្រឿងផ្សំ​ដ៏សំខាន់​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស ដោយ​ម្សៅ​ផលិត​ពី​ទឹកមាត់​ពួកវា​មាន​តម្លៃ​ថ្លៃ​ជាងមាស​ទៅ​ទៀត​។

សត្វខ្យង​នៅ​កសិដ្ឋាន​របស់​នាង ផាតធីនីសិរី ថាងកៀវ ត្រូវ​បាន​ប្រមូល​ពី​ចម្ការ និង​វាលស្រែ​នានា​។

នាង​បាន​ឲ្យ​ដឹងថា​៖ «​កសិករ​យើង​ធ្លាប់តែ​ស្អប់​ខ្យង​ហ្នឹង ព្រោះ​វា​ស៊ី​ដំណាំ ហើយ​ចាប់​វា​ចោល​តាម​ផ្លូវ និង​បោះ​ចូល​ទន្លេ តែ​ឥឡូវ​ពួកគាត់​អាច​លក់​ខ្យង​នោះ​ឲ្យ​ខ្ញុំ​ដើម្បី​បង្កើន​ចំណូល​មួយផ្នែក​ដែរ​»​។

បើ​ប្រមូល​បាន​ខ្យង ១ ០០០ ក្បាល គេ​អាច​រក​បាន​ពី ៣២០ ទៅ ៦៥០ ​ដុល្លារ​ថែម​ទៀត​។

កសិដ្ឋាន​នេះ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កសិដ្ឋាន ៨០ កន្លែង​ទៀត​នៅ​ខេត្ត​ណាខន ណាយុក ប្រទេស​ថៃ​ដែល​មាន​ចម្ងាយ​ផ្លូវ​ឡាន​តែ​ ២ ​ម៉ោង​ប៉ុណ្ណោះ​ពី​ទីក្រុង​បាងកក​។

យោង​តាម​ការស្រាវជ្រាវ​របស់ group Coherent Market Insights កសិដ្ឋាន​ចិញ្ចឹម​ខ្យង​នៅ​ខេត្ត​នេះ​បាន​បង្កើត​ចំណូល​ពី​ទីផ្សារ​ទឹកមាត់​ខ្យង​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣១៤ ​លាន​ដុល្លារ​អាមេរិក​។

កសិដ្ឋាន​ចិញ្ចឹម​ខ្យង​បាន​កកើត​ច្រើន​នៅ​ប្រទេស​ថៃ​។
ទឹកមាត់​ខ្យង​ដ៏មាន​តម្លៃ​ត្រូវបាន​ស្រង់​យក​ពី​ក្រពេញ​របស់​វា​យ៉ាង​យកចិត្ត​ទុកដាក់ និង​អត់ធ្មត់​បំផុត​។ វា​ត្រូវបាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​គ្រឿងសម្អាង​នានា​នៅ​ប្រទេស​ថៃ មុន​នឹង​ដឹក​បន្ត​ទៅ​ផលិត​ជា​គ្រឿងសម្អាង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក​។

លោក គីតផុង ភូតារ៉ាធូវ៉ានុន ដែល​ផលិត​សេរ៉ូម​ទឹកមាត់​ខ្យង​ក្រោម​ស្លាក​សញ្ញា Acha បាន​ផ្គត់ផ្គង់​ទីផ្សារ​គ្រឿងសម្អាង​នៅ​កូរ៉េ និង​អាមេរិក​ដោយ​លក់​ម្សៅ​ទឹកមាត់​ខ្យង​តម្លៃ ១,៨ លាន​បាត​ ក្នុង​ ១ ​គីឡូក្រាម ( ៥៨ ២០០ ​ដុល្លារ​) ខណៈ​មាស​ ១ ​គីឡូក្រាម​ មាន​តម្លៃ​ ៤៦ ៣០០ ​ដុល្លារ​។

ម្សៅ​ទឹកមាត់​ខ្យង​ថៃ​មាន​តម្លៃ​ថ្លៃ​ជាង​ផលិតផល​ពី​ចិន​ដែល ១ ​គីឡូក្រាម​ ត្រឹមតែ ២ ៦០០ ​ដុល្លារ​។ លោក គីតផុង អះអាង​ថា​នៅ​ចិន ទឹកមាត់​ខ្យង​ត្រូវ​បាន​បូម​ជា​រៀងរាល់​ថ្ងៃ ខណៈ​នៅ​ថៃ​ជា​រៀងរាល់​ ៣ ​សប្ដាហ៍​ម្ដង​។

ទោះ​មិន​មាន​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​បញ្ជាក់​ពី​ប្រសិទ្ធភាព​ទឹកមាត់​ខ្យង តែ​លោក​អះអាង​ថា​៖ «​ទឹកមាត់​ខ្យង​យើង​វា​ល្អ​ជាង ព្រោះ​ខ្យង​ស៊ី​បន្លែ ធញ្ញជាតិ និង​ផ្សិត​គ្រប់យ៉ាង​ធ្វើឲ្យ​វា​មាន​គុណភាព​ល្អ​ដែល​អាច​ជួយ​ព្យាបាល​ស្បែក​រលាក និង​របួស​នានា​»​។

រីឯ​ម្ចាស់​កសិដ្ឋាន​នាង ផាតធីនីសិរី ថាងកៀវ បាន​លើកឡើង​ថា​៖ «​ឥឡូវ​ខ្ញុំ​ទិញ​ខ្យង​ស៊ី​ដំណាំ​នេះ​តម្លៃ​ពី ២៥ ទៅ ៣០ ​បាត​ក្នុង​ ១ ​គីឡូក្រាម ហើយ​ទីផ្សារ​ក៏មាន​ប្រកួតប្រជែង​ខ្លាំង​ដែរ​»៕