ព្រះអើយអាណិតណាស់ ! អារដើមត្នោតមិនប្រយ័ត្ន រលំសង្កត់ក្មេងសិស្សសាលាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ (មានវីដេអូ)

ខេត្តកំពង់ឆ្នាំង៖ បុរស២នាក់បាននាំគ្នាយកម៉ាស៊ីនត្រង់សឺន័រ ទៅអារដើមត្នោត១ដើម កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ តែអ្នកទាំង២នាក់មិនប្រយ័ត្នដេញក្មេងក្មាងចេញពីបវិវេណនោះទេ លុះពេលដើមត្នោតរលំ ក៏បណ្ដាលឲ្យសង្កត់ក្មេងសិស្សសាលាស្លាប់ម្នាក់ដ៏រន្ធត់ និងម្នាក់ទៀតរងរបួសធ្ងន់។

ក្មេងរងគ្រោះដែលគេអារដើមត្នោតរលំសង្កត់ស្លាប់នេះ មានឈ្មោះសា ម៉ៃសំ ភេទស្រី អាយុ១៤ឆ្នាំ និងអ្នករងរបួស មានឈ្មោះសេន អាលី ភេទប្រុស អាយុ១២ឆ្នាំ រងរបួស។
អ្នកទាំងពីរ រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរ ខេត្តពោធិ៍សាត់។

ចំណែក អ្នកអារដើមត្នោត ទី១-ឈ្មោះតុល ណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះផាន់ ជីម ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសទាំង២នាក់ បានយកម៉ាស៊ីនត្រង់សឺន័រ (រណារយន្ត) អារដើមត្នោតខាងលើ មិនបានប្រយ័ត្នប្រយែង និងដេញមនុស្សឲ្យចេញពីបរិវេណនោះទេ លុះដើមត្នោតរលំ ក៏បណ្តាលឲ្យសង្កត់ក្មេងរងគ្រោះទាំង២នាក់ ស្លាប់ និងរបួសតែម្តង ព្រមទាំងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ១គ្រឿង ផងដែរ។

ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ ត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែក ក្មេងរងរបួសត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ។ដោយឡែក សពក្មេងរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យទាំងក្តៅសោកអាល័យជាពន់ពេក៕
សូមប្រិយមិត្ត ទស្សនាវីដេអូខាងក្រោម៖