មិនចេះតែនិយាយអោយរួចពីមាត់ពេលនេះចែកាបាប្រគល់ទឹកប្រាក់៥០០ដុល្លារហើយ ថែមទាំងជូនគ្រឿងបរិភោគបន្ថែមដល់លៀង ចាន់ឡា

ដូចការសន្យាមែន ពេលនេះកញ្ញាម៉ូលីកា អតីតតារាចម្រៀងផលិតកម្ម Rock និងជាម្ចាស់ហាង ”ម៉ូលីកា ខូស្មិកទិក” បានជួបជាមួយតារាចម្រៀងកម្សត់ និងជាបេក្ខភាព X Factor Cambodia រដូវកាលទី១ កញ្ញាលៀង ចាន់ឡា និងប្រគល់ថវិកាចំនួន៥០០ដុល្លារ ហើយនៅរសៀលថ្ងៃទី៨ ខែសីហានេះ នៅហាងរក្សាសម្រស់របស់នាង ផ្ទះលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយថែមទាំងធ្វើឲ្យកញ្ញាចាន់ឡា រំភើបស្ទើរស្រក់ទឹកភ្នែកទៀតផង។

តាមការអះអាងរបស់កញ្ញាម៉ូលីកា បានឲ្យដឹងថា “ពីដំបូងនាងគ្រោងជូនតែប្រាក់ចំនួន៥០០ដុល្លារ ទៅដល់កញ្ញាលៀង ចាន់ឡា ប៉ុណ្ណោះ តែដោយសារនាងឃើញសភាពកញ្ញាចាន់ឡា គូរឲ្យអាណិតខ្លាំងពេក ទើបនាងជិះតុកតុកទៅទិញអង្ករ២ការ៉ុង មី៥កេស និងទឹកផ្លែឈើ៥កេស ដើម្បីឲ្យគាត់ទុកឲ្យម្ដាយរបស់គាត់ហូប ព្រោះថាពេលនេះនាងឮថា ម្ដាយរបស់ចាន់ឡា ឈឺដាក់សេរ៉ូមនៅផ្ទះ”។

តាមរយៈវីដេអូ Live របស់កញ្ញាម៉ូលីកា ដែលប្រគល់ថវិកា និងអង្ករ មី និងទឹកផ្លែឈើនោះ គេឃើញកញ្ញាលៀង ​ចាន់ឡា មានអារម្មណ៍រំភើបរហូតចង់រលេងរលោងទឹកភ្នែកទៀតផង ព្រោះតែនាងត្រូវបានម្ចាស់ហាង ”ម៉ូលីកា ខូស្មិកទិក” ផ្ដល់ទាំងថវិកា និងកំលាំងចិត្តដល់នាងឲ្យមានការតស៊ូក្នុងឆាកជីវិតថែមទៀត។


ដោយឡែក នៅលើបណ្ដាញសង្គមមានប្រិយមិត្តជាច្រើនបានសម្ដែងការគាំទ្រតារាចម្រៀងម៉ូលីកា ផងដែរ ចំពោះសកម្មភាពរបស់នាងដែលជួយដល់កញ្ញាលៀង ចាន់ឡា នៅពេលដែលនាងកំពុងតែជួបការលំបាកជីវភាពខ្វះខាតខ្លាំងនេះ។

គួរបញ្ជាក់ថា អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា បានប្រកាសភ្លាមៗថា នាងនឹងផ្ដល់ថវិការចំនួន៥០០ដុល្លារ ដល់កញ្ញាលៀង ចាន់ឡា នៅ ពេលដែលផ្ទុះការអាណិតពីមហាជនជាច្រើននៅលើបណ្ដាញសង្គម ពេលដែលបេក្ខភាព X Factor Cambodia របស់ហង្សមាស រូបនេះ បង្ហាញសកម្មភាពមិនហ៊ានឈរជិតមិត្តរួមក្រុមឡើយ នៅលើឆាក ព្រោះតែនាងមិនស្អាត ក្រ និងគ្មានសម្លៀកបំពាក់តុបតែងខ្លួនដូចគេ។

ម៉ូលីកា ថា ទឹកប្រាក់ទាំងនេះអាចសម្រាលការលំបាករបស់ចាន់ឡា បានមួយរយៈ ពិសេសគឺពេលនាងឡើងឆាកអាចទិញរបស់អ្វីដែលនាងចាំបាច់ប្រើបាន។

ម្ចាស់ហាង Cosmetic រូបនេះថា ដោយសារនាងធ្លាប់ក្រលំបាក និងជាក្មេងកំព្រាផង ទើបយល់ពីការលំបាករបស់ចាន់ឡា នៅពេលនេះ ហើយនាងជួយដោយចិត្តស្មោះទៅតាមលទ្ធភាពដែលខ្លួនមាន។