ស៊ែរចែកគ្នាដឹងផង សូមប្រយ័ត្ន! ក្រុមបោកប្រាស់ ទាំង ៣ ប្រភេទ ចាប់ផ្ដើមដើរបោកអ្នកទើបប្រឡងបាក់ឌុបជាប់

ក្រោយប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិហើយ មានយុវជនជាច្រើនចាប់ផ្ដើមឡើងមក​រាជ​ធានីភ្នំពេញដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ។ ស្របពេលដែលកំណើនយុវជនមកទីក្រុង​ក៏មាន​ក្រុម​មនុស្សទុច្ចរិតចេញដើរបោកប្រាស់ក្រោមរូបភាពអំពើរល្អ ដែលធ្វើឱ្យយុវជនខ្លះចាញ់បោកគេ អស់​លុយ​ ខាតពេលវេលាទទេៗ ។ ដូច្នេះសូមទៅដឹងទាំងអស់គ្នា ៖

១. មុខសញ្ញាដើរចែកក្រដាសឱ្យបំពេញដើម្បីបានអាហារូបករណ៍ មុខសញ្ញានេះប្អូនៗអាចឃើញតាមរយៈមនុស្សមួយក្រុមមានប្រុស មានស្រី ដើរចែកក្រដាសមួយ មាន​បំពេញ​ព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិរូបសង្ខេប ។ ក្រោយបំពេញហើយ អ្នកទាំងនោះ​នឹង​ប្រមូល​យកឈ្មោះ និង លេខ ដើម្បីទាក់ទង អាចជាការផ្ដល់អាហារូបករណ៍ ១០០% តែមិនដឹងថាសាលានោះ ប្រភពពីណា? មានការទទួលស្គាល់ ឬ ក៏អត់ផង ។ ម្យ៉ាងទៀតវាអាចជាអាហារូបករណ៍ដែលមិនពិត ដូច​ជាតម្រូវឱ្យ​បង់ថ្លៃសេវានេះ សេវានោះ ឬ តម្រូវឱ្យបង់មិនចេះចប់ ។ ដូច្នេះមានន័យថា វាជា​អាហា​រូបករណ៍​មិនពិតឡើយ ។ ដូច្នេះជៀសវាងកុំចេះតែបំពេញផ្ដេសផ្ដាសតាម​ក្រដាសដែលជន​ទាំងនោះ​ដើរ​ចែក ។

២. ជនដើរអូសទាញឱ្យចូលក្នុងសិក្ខាសាលាមានឱកាសក្លាយជាមហាសេដ្ឋី ឬ បុគ្គលជោគជ័យ បច្ចុប្បន្នការរកស៊ីបែបនេះនៅតែមាន ហើយនៅតែមានអ្នកដែលចាញ់បោកព្រោះឆាប់លង់ជឿសម្ដីគេ ខ្វះការពិចារណា ។ សិក្ខាសាលានោះនឹងតម្រូវឱ្យអ្នកចូលរួមបង់ថ្លៃ ៥ ដុល្លារ ឬ ១០ ដុល្លារ តាម​រយៈ​ការ​បញ្ចុះបញ្ចូលពីមនុស្សមូយក្រុម ដែលគេហៅថាបណ្ដាញ ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សពូកែ​និយាយអូសទាញ ដើម្បីឱ្យអ្នកដទៃទិញសំបុត្រចូលរួមសិក្ខាសាលានោះ ហើយពួកគេនឹងទទួលបាន​កម្រៃ​ជើងសារ ។ សិក្ខាសាលានោះគេនឹងរៀបរាប់អំពីជីវិតជោគជ័យ មានផ្ទះវីឡានៅ មានសុទ្ធតែ​ឡាន​ទំនើប​ជិះ ដើរលេងក្រៅប្រទេស ហើយឱ្យអ្នកចូលរួមចុះឈ្មោះធ្វើជាបណ្ដាញរបស់ពួកគេ តាម​រយៈ​​ដើរហៅ​គេឯងឱ្យចូលរួមក្នុងសិក្ខាសាលានោះ ។

ជារួមគ្មានបុគ្គលណាអាចមកបង្រៀនយើងឱ្យក្លាយជាសេដ្ឋីក្រៅពីខ្លួនឯងឡើយ ហើយប្រសិន​បើអ្នក​ទាំង​​នោះ​​ជាមហាសេដ្ឋីមែនក៏គ្មានពេលដើរទៅញុះញង់បញ្ចុះបញ្ចូលគេ ដើម្បីបា​ន​លុយ​កុំមីស្យុង​តិច​តួច​នោះ​ដែរ ។

៣. ឱកាសធ្វើការងារប្រាក់ខែសុទ្ធតែរាប់ពាន់ដុល្លារតែតម្រូវឱ្យបង់លុយសិន មានប្រភេទមួយទៀត គឺឱកាសការងារមិនចាំបាច់មានបទពិសោធន៍ មិនចាំបាច់ចំណាយកម្លាំង តែ​អាច​រកលុយបានរាប់ពាន់ដុល្លារក្នុងមួយខែៗ ។ មនុស្សមួយក្រុមនោះតែងបង្ហាញខ្លួនតាមរយៈផ្ញើ​សារ​ចូល​ក្នុងហ្វេសប៊ុក តាមរយៈការខល ឬ ផ្សព្វផ្សាយលើបណ្ដាញសង្គម ។ ពួកគេអាចបោកយកលុយ​តាម​រូបភាពឱ្យបង់លុយមុនដើម្បីរៀបចំឯកសារ ឬ នីតិវិធីផ្សេងៗ ។ ដូច្នេះសូមកុំចេះតែបង់​ផ្ដេសផ្ដាស​ព្រោះ​គ្មានការងារណា​ដែលមានប្រាក់ខែរាប់ពាន់ដុល្លារ ងាយៗស្រួលៗទេ ពួកគេបង្អួតបែបនេះ ដើម្បី​​ឱ្យ​អ្នកដែលមិនធ្លាប់ដឹងព័ត៌មានបង់លុយឱ្យពួកគេតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ទាំង ៣ ចំណុចខាងលើនេះ គឺតាមរយៈការសាកសួរបទពិសោធន៍ពីយុវជនមួយចំនួន ធ្លាប់បានឃើញ និង អ្នកទៀតធ្លាប់ចាញ់បោកគេផ្ទាល់តែម្ដង ដែលធ្វើឱ្យខាតទាំងលុយ ខាតទាំងពេលវេលា ។

You may missed