ស្រក់ទឹកភ្នែកមិនដឹងខ្លួន ប្រសិនបើបានទស្សនាការប្រកួតចាញ់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា

កាលពីយប់មិញនេះ អ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា មិនតិចទេដែលបានខ្លោចចិត្តរហូតស្រក់ទឹកភ្នែកមិនដឹងខ្លួន ក្រោយដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ឺរ៉ង់ ដោយលទ្ធផល ១៤ ទល់នឹង ០ ដោយក្នុងតង់១ទី១កម្ពុជា របូតអស់៧គ្រាប់ មុននឹងក្រុមអ៊ឺរ៉ង់បន្ថែម៧គ្រាប់បន្តនៅតង់ទី២។

ការប្រកួតអម្បាញ់មិញនេះមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រកម្ពុជាចាំបានក្នុងក្រអៅដួងចិត្តថាជាការប្រកួតដ៏លំបាកលំបិនបំផុតក្នុងជីវិតនៃការទស្សនាបាល់ទាត់ជាតិតែប៉ុណ្ណោះទេ វាក៏ក្លាយជាការប្រកួតដែលកម្ពុជា របូតគ្រាប់បាល់ច្រើនជាងគេបង្អស់ក្នុងការប្រកួតផ្លូវការរបស់ក្រុមគោព្រៃកម្ពុជាទៀតផង ដោយក្រុមលេខ១ប្រចាំទ្វីបអាស៊ីមួយនេះបានបំបែកកំណត់ត្រាឥណ្ឌូនេស៊ី ដែលស៊ីកម្ពុជា ១០ ទល់នឹង ០ កាលពីស៊ីហ្គេមឆ្នាំ១៩៩៥ គ្រាដែលកម្ពុជាទើបតែលេងបាល់ដំបូងក្រោយងើបពីសង្គ្រាម និងជាលើកទី១ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ក្នុងសម័យទំនើប។

គួរបញ្ជាក់ដែរថាកម្ពុជា នឹងត្រូវវិលត្រឡប់មកមាតុភូមិវិញនាថ្ងៃស្អែកនេះ ដោយនឹងត្រូវបើកទ្វារកីឡដ្ឋានជាតិទទួលក្រុមខ្លាំងបន្ទាប់ក្នុងពូលអ៊ឺរ៉ាក់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

You may missed