លោកនាយកសាលាគំរាមផងសម្លុតផង… ឪពុកម្តាយសិស្សអត់សុខចិត្តទេ

សិស្សសាលាម្នាក់ដែលត្រូវបានសិស្សដូចគ្នាវាយជាច្រើនដៃ និងត្រូវបានគេថតវីដេអូបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានក្រុមគ្រួសារអះអាងថាត្រូវលោកនាយកសាលាគំរាមដេញចេញពីសាលា និងបញ្ឈប់ការសិក្សាទៀតផង ជាហេតុធ្វើឱ្យយុវសិស្សរូបនេះ រួមទាំងក្រុមគ្រួសារកើតទុក្ខមិនសុខចិត្តផ្ទុះប្រតិកម្មយ៉ាងខ្លាំង។

យុវសិស្សដែលរងគ្រោះដោយសារគេវ៉ៃ និងថែមទាំងត្រូវនាយកសាលាគំរាមបញ្ឈប់ការសិក្សាទៀតនោះ មានឈ្មោះប៉ែត ចិន្តា អាយុ ជាង១០ឆ្នាំ មានលំនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមសម្តីស្ត្រីជាម្តាយរបស់យុវសិស្សរងគ្រោះខាងលើ បានឱ្យដឹងថា កូនរបស់គាត់មិនខុសផង ហេតុអ្វីបានជាលោកនាយកគំរាមបញ្ឈប់ការសិក្សានិងបណ្តេញឱ្យចេញពីសាលាទៀត? ព្រោះកូនរបស់គាត់ពេលចូលរៀនត្រូវបង់លុយឱ្យថ្លៃសាលា មិនដែលខ្វះផង។

ប្រភពបានបន្តថា ណាមួយកូនរបស់គាត់ត្រូវគេវ៉ៃ បែរជាមកចោទកូនរបស់គាត់ថា ជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិធម៌ណាស់ តើលោកនាយកសាលា គាក ឃួន ធ្វើបែបនេះ ត្រឹមត្រូវដែរឬទេ? ឬមួយលោកនាយកកាន់ជើងសិស្សអាក្រក់ ទម្លាក់កំហុសមកលើសិស្សល្អ។

តាមសម្តីរបស់យុវសិស្សជាជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីសាច់ញាតិរបស់គេបាន ទៅសួរនាំដល់សាលាហើយ លោកនាយកក៏បានហៅរូបគេដែលជាជនរងគ្រោះចូលទៅសួរនៅក្នុងបន្ទប់ ហើយនិយាយសម្លុតខ្លាំងៗថា ឯងត្រូវទៅរកអ្នកថតរូបនោះឱ្យឃើញ បើរកមិនឃើញទេ ឯងចេញពីសាលានិងបញ្ឈប់ការសិក្សាថែមទៀតផង។

យុវសិស្សរងគ្រោះបានបញ្ជាក់ថា អ្នកដែលវាយរូបគេនោះបានទៅសុំទោសគេរួចរាល់ហើយនៅឯសាលារៀនកួរ។ជុំវិញរឿងរ៉ាវខាងលើនេះ នគរធំ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីលោកនាយកសាលាបាននៅឡើយទេ កាលពីម្សិលមិញ។ ប្រភពពីនគរធំ

You may missed