គាំទ្រស៊ែរ១ ក្រសួងបរិស្ថានគ្រោងធ្វើអនុក្រឹត្យ បញ្ឈប់ការនាំចូល និងផលិតប្លាស្ទិកទាំងស្រុងនៅកម្ពុជា(មានវីដេអូ)

ថ្មីៗនេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាន នឹងផ្តួចផ្តើមឱ្យមានការរៀបចំអនុក្រឹត្យ ដើម្បីហាមឃាត់ការនាំចូល និង ការផលិត ផលិតផលធ្វើពីប្លាស្ទិកមួយចំនួនដែលប្រើម្តងហើយបោះចោល នៅពេលខាងមុខនេះ ។

បន្ទាប់មក គេហទំព័រហ្វេសប៊ុក Think Plastic ក៏បានបង្ហោះនូវវីដេអូ បង្ហាញអារម្មណ៍សប្បាយចិត្ត និង គាំទ្រយ៉ាងពេញទំហឹងប្រសិនបើមានអនុក្រឹត្យថ្មីនេះ ។ លោកស្រី អាត សុធាវី ដែលជាម្ចាស់គេហទំព័រខាងលើក៏បានរៀបរាប់បន្ថែមថា​ ផ្លាស្ទិកដែលប្រើម្តងហើយបោះចោលនោះមានដូចជាប្រអប់ស្នោ ទុយយ៉ូ និងកែវកាហ្វេផ្លាស្ទិកជាដើម ។

ហើយប្រសិនបើគ្មានរបស់ទាំងនេះយើងក៏អាចប្តូរមកប្រើជា ប្រអប់ជ័រដែលប្រើបានច្រើនដង ទុយយ៉ូកែច្នៃពីដែក ឬ កែវ និងដបផ្ទាល់ខ្លួនជាដើម ។ ក្នុងនោះដែរ អ្នកលេងក្នុងបណ្តាញសង្គមក៏បានបញ្ចេញមតិពេញចិត្តជាខ្លាំង ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកថែរក្សាបរិស្ថានផ្តើមចេញពីរបៀបនេះ ។