ត្រឹមតែ១ថ្ងៃ វីរុសកូរ៉ូណា សម្លា ប់មនុស្សប្រមាណជាង ២០ នាក់បន្ថែមទៀត កើនដល់ ១០៦ នាក់ហើយ

បើយោងតាម​អាជ្ញាធរ​សុខាភិបាល​ចិន នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នេះបានប្រកាសថា មកដល់ពេលនេះមានមនុស្សស្លា ប់ដោយសារ ជំងឺកូរ៉ូណា កើនដល់ ១០៦ នាក់ហើយ ខណៈ​ករណី​ថ្មី​ជិត ១៣០០ បាន​បញ្ជាក់ថា​កើតឡើង​ក្នុងប្រទេស​ចិន​ផងដែរ​។​

តាមតួលេខខាងលើគឺ ចំនួនអ្នកស្លា ប់មានការកើនឡើងប្រមាណជាង ២០នាក់ត្រឹមតែមួយថ្ងៃ ដែលកាលពីម្សិលមិញអ្នកស្លា ប់មានចំនួនត្រឹមតែ ៨២ នាក់ប៉ុណ្ណោះ។

ចំណែកឯចំនួនអ្នកដែលឆ្លងវីរុសនេះមានការកើនឡើង ដោយសារការរកឃើញករណីឆ្លងថ្មីៗនៅបណ្តាប្រទេសមួយចំនួនដូចជា សឹង្ហបុរី និង ប្រទេសអាឡឺម៉ង់ជាដើម។

សូមបញ្ជាក់ថា វីរុសផ្លូវដង្ហើមកូរ៉ូណានេះត្រូវបានគេដឹងយ៉ាងផុសផុល ក្នុងកំឡុងពេលកៀកចូលឆ្នាំថ្មីប្រពៃណីចិន នៅក្នុងទីក្រុងវូហានប្រទេសចិន ដែលធ្វើឱ្យពិធីមួយចំនួនត្រូវបានពន្យារពេល និង បានប្រកាស​បិទ​ច្រកចេញចូល​ទាំងអស់​ក្នុង​ទីក្រុង​វូ​ហាន។ បច្ចុប្បន្ន សម្រាប់​តួលេខ​ថ្មី ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ត្រូវបាន​រកឃើញ បាន​កើន​ដល់ ៤០០០​ករណី នៅ​ទូទាំង​ពិភពលោក​។