ជួយស៊ែរផង! ជនបទមែនតែភូមិព្រះដាក់ មានផ្លូវបេតុងស្អាតភ្លឹង អំពូលដង្ហែគ្នា ឥឡូវក្រាលការ៉ូឡាតាមចិញ្ចើមផ្លូវទៀត

ភូមិព្រះដាក់ ជាភូមិទេសចរណ៍មួយនៅក្នុងស្រុកបន្ទាយស្រី ។ ភូមិគំរូមួយនេះបានប្រែមុខមាត់យ៉ាងលឿនគួរឱ្យកត់សម្គាល់ បន្ទាប់ពីលោកអភិបាលស្រុកថ្មីវ័យក្មេងចូលកាន់តំណែង ។ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលស្រុករូបសង្ហា ទើបតែអនុវត្តយុទ្ធនាការផ្ទះ១ អំពូល១ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ។

ឥឡូវនេះស្រាប់តែលោក ប្រាប់ពីដំណឺងដ៏គួរឱ្យរីករាយមួយទៀតនោះ គឺអ្នកស្រុកនាំគ្នារៀបក្រាលការូឡាតាមចិញ្ចើមផ្លូវ ទាំងដែលលោកទើបតែបង្ហើបថា នឹងរៀបចំធ្វើ តែពេលនេះអ្នកស្រុកធ្វើមុនបាត់ទៅហើយ ។


តាមគណីហ្វេសប៊ុកលោក ឃឹម ហ្វីណង់ បានបង្ហាញសកម្មភាពប្រជាពលរដ្ឋនៅក្នុងភូមិបន្ទាយស្រី នាំគ្នាទិញការ៉ឡាមករៀបនៅមុខផ្ទះរៀងខ្លួនតាមចិញ្ចើមផ្លូវយ៉ាងសស្រាក់សស្រាំ ។ បន្ទាប់ពីឃើញនូវទិដ្ឋភាពទាំងនោះហើយ លោកពិតជាសប្បាយរីករាយ និងកោតសរសើរចំពោះអ្នកភូមិជាពន់ពេក មិនស្មានថាពួកគាត់ចេះសហការគ្នាយ៉ាងល្អបែបនេះសោះ ។ ភូមិព្រះដាក់ គឺជាភូមិទាក់ទាញអ្នកទេសចរមួយកន្លែងនៅក្នុងស្រុកបន្ទាយស្រី ។

នៅទីនោះល្បីនំបញ្ចុកមានរសជាតិឆ្ងាញ់ ស្ករត្នោតខ្មែរ និងតំបន់ទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនទៀត ។ បច្ចុប្បន្នភូមិមួយនេះមានផ្លូវបេតុងយ៉ាងរលោងស្រិល មានអគ្គិសនីប្រើប្រាស់ មានអំពូលតម្រៀបតាមដងផ្លូវហូរហែរ និងពិសេសនោះថ្មីៗនេះប្រជាពលរដ្ឋនាំគ្នាក្រាលការ៉ូឡាទៀត ធ្វើឱ្យភូមិព្រះដាក់កាន់តែស្រស់ស្អាតទ្វេរឡើង ។