ចោរសង្ហា!ចូលទៅលួចម៉ូតូដល់ក្នុងសាលា រត់រួច២ថ្ងៃគិតថាគេចផុត ចុងក្រោយត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

នាថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចហាងការថ្វេ TBR ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ ។

ដំណើររឿង៖ កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ភឿន កេសី ភេទស្រី អាយុ ១៥ ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាសិស្សវិទ្យាល័យសិរីសោភ័ណ បានយកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក បន្ទាយមានជ័យ 1U-5998 ទៅទុកនៅកន្លែងផ្ញើរម៉ូតូ លុះដល់វេលាម៉ោង៥ល្ងាច ជនរងគ្រោះចេញពីរៀនវិញមករកម៉ូតូស្រាប់តែមិនឃើញ ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបណ្ដឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ណាប់ សុខា ភេទប្រុស អាយុ ១៨ ឆ្នាំ រួមទាំងវត្ថុតាងបាននៅចំណុចខាងលើ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។