កុំប្រហែសអោយសោះ!តំណាងWHOនិងនាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើកការព្រមានស្រដៀងគ្នាពីស្ថានភាពកូវីដ១៩បច្ចុប្បន្ន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះប្រទេសកម្ពុជា ពុំមានរកឃើញករណីថ្មីនៃជំងឺកូវី១៩ នោះទេ។ ប៉ុន្តែទោះជាស្ថានភាពយ៉ាងនេះក្ដីតំណាងអង្គការសុខភាពពិភពលោក និងនាយិការវិទ្យាប៉ាស្ទ័រនៅកម្ពជា បានធ្វើការព្រមានស្រដៀងគ្នា ពីការឆ្លងរីករាលដាលជំងឺនេះឡើងវិញផងដែរ ប្រសិនបើមានការធ្វេសប្រហែស។ នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា កាលព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត លី ឰឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកបានលើកឡើងថា កម្ពុជាបានឆ្លើយតបបានយ៉ាងល្អ សម្រាប់ករណីជាង១០០ដំបូងនេះ គឺ១២២ករណីដំបូង ហើយយើងសង្កេតឃើញថាពុំមានករណីថ្មីទេមកដល់ពេលនេះ ហើយវាជាដំណឹងមួយដ៏ល្អ។​ ប៉ន្តែអ្វីដែលលោកស្រីវេជ្ជបណ្ឌិត ចង់សង្កត់ធ្ងន់នោះគឺថា ប្រទេសកម្ពុជាត្រូវតែត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ការឆ្លើយតបក្នុងរយៈពេលវែង ព្រោះថាមេរោគនេះវាមិនទៅណាភ្លាមៗនោះទេ។

លោកស្រីវេជ្ជបណ្ឌិត បន្តទៀតថា នាងខ្ញុំចង់បញ្ជាក់ថា “វាមិនមែនជាការភ្ញាក់ផ្អើលទេប្រសិនបើយើងមិនបានសង្កេតឃើញករណីថ្មី នៅក្នុងប្រទេសកម្ពុជានោះ ហើយដូចដែលយើងបានឃើញស្រាប់ ពុំមានករណីថ្មីដែលយើងបានរកឃើញនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែនាងខ្ញុំជម្រាបថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសនៅក្នុងតំបន់ ជាពិសេសនៅក្នុងពិភពលោកនេះគឺកំពុងតែមានការផ្ទុះរាតត្បាតបន្តនៅឡើយ ដូចជាមកដល់ថ្ងៃនេះគឺមានប្រហែលជា ២ លាន ៨ សែននាក់សម្រាប់ករណី COVID-19 ហើយមានករណីស្លាប់រហូតដល់ជាង១៩ម៉ឺននាក់ បានរាយការណ៍មកដល់អង្គការសុខភាពពិភពលោក ពីប្រទេសចំនួនជាង២០០”។

ចំណែកឯលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ែន បារហ៍ (Laurence BARH) ដែលជានាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ប្រទេសកម្ពុជាមិនទាន់ត្រឡប់ទៅស្ថានភាពធម្មតាវិញនៅឡើយទេ ពោលគឺនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នដដែល បើទោះបីជាពុំមានអ្នកឆ្លងថ្មីក៏ដោយ ពីព្រោះថាស្ថានភាពនៅតាមប្រទេសមួយចំនួននៅលើពិភពលោក និងនៅក្នុងតំបន់មិនទាន់មានភាពធូរស្រាលនៅឡើយទេ។

លោកស្រីដែលជានាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដដែលនោះ ក៏បានព្រមានផងដែរថាប្រសិនបើយើងភ្លេចខ្លួននៅពេលនេះ យើងនឹងធ្លាក់ទៅក្នុងរណ្ដៅមរណៈ បានន័យថា ប្រសិនបើយើងភ្លេចខ្លួន យើងនឹងឈានទៅដល់រលកនៃការរីករាលដាលទី២ ជាក់ជាមិនខាន។ ហើយឆ្លាតឱកាសនោះផងដែរ លោកស្រី ក៏បានឱ្យដឹងទៀតថាវាក់សាំងក៏មិនទាន់ប្រើប្រាស់បាន ពីព្រោះវាកំពុងស្ថិតដំណាក់កាលនៃការបង្កើត និងការសាកល្បង ដូច្នេះភារកិច្ចចំពោះមុខរបស់ប្រជាពលរដ្ឋគ្រប់គ្នា គឺត្រូវបន្តអនុវត្តតាមវិធានការបង្ការការពារផ្សេងៗរបស់អង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមជម្រាបថា គិតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០​ នេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាមានសរុបចំនួន ១២២ នាក់ ហើយក្នុងនោះអ្នកឆ្លងចំនួន ១១៩ ក៏ត្រូវបានព្យាបាលជាសះស្បើយរួចហើយផងដែរ។ ប្រភពអត្ថបទ Business Cambodia

error: Content is protected !!