យានយន្ត​បង់រំលស់ កាតគ្រី​នៅ​ធនាគារ ហើយពេល​ប៉ូលិស​សួររក​អត់មាន ផាក​ឬអត់?

ស្នងការ​រងទទួល​ផែនការងារចរាចរណ៍ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​ថា ​ក្នុងពេល​បើកបរ​យានយន្ត​នៅតាម​ដងផ្លូវ គឺចាំបាច់​ត្រូវដាក់​ឯកសារ​ដើម​តាមខ្លួន​ជានិច្ច ដូចជា​បណ្ណបើកបរ និង​បណ្ណសម្គាល់​យានយន្ត​ជាដើម ពោលគឺ​មិនមែនជា​ឯកសារ​ថតចម្លង​ឡើយ។

ចំពោះ​កាតគ្រី ឬបណ្ណសម្គាល់​យានយន្ត ដែល​អ្នកប្រើប្រាស់​យានយន្ត​ទិញបង់រំលស់ ហើយ​ស្ថិតក្នុង​ការកាន់កាប់​របស់​ធនាគារ ​ត្រូវបាន​លោក​បញ្ជាក់ថា គឺ​ត្រូវ​មាន​លិខិតបទដ្ឋាន​អ្វីផ្សេង​ដែលមាន​តម្លៃស្មើ​ដាក់​ជំនួសវិញ​ក្នុងការ​បង់រំលស់ ដោយ​អ្នក​បញ្ជាយានយន្ត​ទាំងអស់​ដាច់ខាត​ត្រូវមាន​កាតគ្រី​តាមខ្លួន​ជានិច្ច បើ​ពុំដូច្នោះទេ នឹង​រងការ​ផាកពិន័យ​ហើយ។

ស្នងការរងទទួលផែនការងារ​ចរាចរណ៍ ពន្យល់​យ៉ាងដូច្នេះថា៖ «ឥឡូវនេះ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​គណៈ​កម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក លោក​បាន​តម្រូវឱ្យ​ម្ចាស់អាជីវកម្ម​ទាំងនោះ មិន​អនុញ្ញាតឱ្យ​ដកបណ្ណបើកបរ ឬក៏​បណ្ណ​សម្គាល់យាន។ អាចតម្កល់​ជា​ឯកសារអីផ្សេង ​ព្រោះដោយសារច្បាប់យើង​តម្រូវបែបនេះ»។

លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បន្ត​ថា៖ «ក្នុងការ​ដាក់បញ្ចាំ បង់​រំលស់ គាត់​អាច​មាន​លិខិតបទដ្ឋាន​អីផ្សេង​ទៀត​ដែលមាន​តម្លៃស្មើ​ក្នុងការ​ដាក់​បញ្ចាំ​ក្នុងការ​បង់រំលស់​នេះ។ អ្នក​ដែល​បញ្ជា​យានយន្ត​ត្រូវតែមាន​លិខិតស្នាមបែបនេះ នៅជាប់ខ្លួន។ មធ្យោបាយដែលអត់មាន​ផ្លាកលេខ​ក៏ជា​បញ្ហាមួយដែរ ​ព្រោះថាបើអត់មាន​លិខិតស្នាមបែបហ្នឹង​ គាត់មិនអាច​ទៅធ្វើផ្លាកលេខ​បានទេ។ ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម ត្រូវបំពេញ​បែបបទ​ធ្វើផ្លាកលេខ​ឱ្យអ្នកទិញ​ឱ្យហើយ បំពាក់​ផ្លាកលេខ​ឱ្យបាន​ត្រឹមត្រូវ បាន​ចេញ»។

សូមជម្រាប​ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២០​តទៅ ប៉ូលិសចរាចរណ៍​នឹងចុះរឹតបន្តឹង​អនុវត្តច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក ខណៈដែល​ការពិន័យជាទឹកប្រាក់​កើនឡើង​ច្រើនជាងមុន។

យោងតាម​មាត្រា៩ថ្មី នៃ​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពីការពិន័យ​អន្តរការណ៍​ចំពោះ​អំពើល្មើស​នឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក មាន​ខ្លឹមសារថា៖ ​ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើកបរយានយន្ត​ដោយគ្មាន​បណ្ណ​សម្គាល់យានជំនិះ និង/ឬគ្មានផ្លាកលេខ ដូចតទៅ៖

-ទឹកប្រាក់ចំនួន ១ ២០០ ០០០រៀល សម្រាប់​យានយន្ត​ធុនស្រាល

-ទឹកប្រាក់​ចំនួន ២ ៤០០ ០០០​រៀល សម្រាប់​យានយន្ត​ធុនធ្ងន់។

ប្រភពអត្ថបទ kleykley

error: Content is protected !!